វិទ្យាល័យ ដុនបូស្កូបាត់ដំបង ចុះអនុស្សារណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យជាតិបាត់ដំបង។ លោកឪពុក ជេរ៉ាត រ៉ាបាស្កូ អធិការវិទ្យាល័យ ដុនបូស្កូបាត់ដំបង និងលោកនាយក អ៊ុ ស៊ីណាត បានទទួលការស្វាគន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងមានការចូលរួមពីលោក-លោកស្រីនាយិកា លោកនាយក-នាយករងនៃសាលា ព្រមទាំង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

លោក ទេព នាវា សាកលវិទ្យាធិការរង បានឱ្យដឹងថា ពិធីចុះអនុស្សារណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកអភិវឌ្ឍលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះអនុស្សារណៈយោគយល់គ្នាធ្វើឡើងនៅ ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហាឆ្នាំ២០២១។