ដុនបូស្កូភ្នំពេញ — នៅថ្ងៃអាទិត្យទី ៨ ខែសីហាឆ្នាំ ២០២១ នៅព្រះវិហារដុនបូស្កូភ្នំពេញ ឬព្រះវិហាព្រះនាងម៉ារីជាទីពំនឹង បងប្រុស ប៉ូល ឡេ គូអក បៅ បានសម្បថសាសនាជាសាឡេស៊ានអស់កល្បជានិច្ច។

បងប្រុស ប៉ូល បៅ គីជាសាសនទូតវ័យក្មេងសាឡេស៊ានមកពីប្រទេសវៀតណាមនៅឆ្នាំ ២០១៩ នៅប្រទេសកម្ភុជា និងបានធ្វើការនៅសាលាដុនបូស្កូកំពងសោម។នៅខែក្រោយ បងប្រុសត្រូវបានគេចាត់ឱ្យទៅធ្វើការនៅដុនបូស្កូកែប មុនពេលបងប្រុសនឹងត្រូវបញ្ជូនទៅសិក្សាទេវវិទ្យា នៅប្រទេសហ្វីលីពីន ដើម្បីក្លាយជាបូជាចារ្យ។

លោកឪពុក រ់ូអេល សូតូ ដែលជាប្រតិភូរបស់ចៅគណៈ លោកឪពុក ដេផារ៉ាត នៅប្រទេសថៃ បានអធិបតីអភិបូជាសម្រាប់សម្បថសាសនារបស់បងប្រុស នៅក្នុងអភិបូជា លោកឪពុក រ៉ូអេល បានគូសបញ្ជាក់អត្ថបទទីមួយពីព្រះគម្ពីរ៖ កុំធ្វើឲ្យព្រះ‌វិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះ‌ហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ដល់ថ្ងៃប្រោសលោះនោះឡើយ ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះ‌ទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះ‌គ្រីស្ទដែរ។

ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួន‌ភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះ‌គ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះ‌អង្គទ្រង់ជំនួសយើងផង ទុកជាតង្វាយ ហើយជាយញ្ញ‌បូជា សម្រាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ ។

(អេភេសូ ៤, ៣០ – ៥, ១ – ២)

លោកពុក រ៉ូល បាននិយាយថា អត្ថបទនៃព្រះគម្ពីរនេះពិពណ៌នាយ៉ាងល្អឥតខ្ចោះអំពីអ្វីដែលសាឡេស៊ានគួរតែជា។
បងប្រុសបានផ្ញើសារសួរសុខទុក្ខគ្រួសារនិងមិត្តភក្តិរបស់គាត់នៅប្រទេសវៀតណាមតាមអ៊ីនធឺណែត ព្រោះពួកគេមិនអាចមកប្រទេសកម្ពុជាបានដោយសារជំងឺរាតត្បាតកូវីដ ១៩ ។

បងប្រុសក៏បានថ្លែងអំណរគុណដល់បូជាចារ្យនិងបងប្រុសទាំងអស់ដែលបានជួយគាត់ក្នុងអំឡុងពេលសិក្សានិងការបង្កើតគាត់ជាសាឡេស៊ាននៅវៀតណាមថៃនិងកម្ពុជា។

សរសេរអត្ថបទៈ លោកពុក លី សំណាង