បិទវគ្គកម្មវិធីបណ្តុះបណ្តាលគ្រូបច្ចេកទេសបង្គោលនៅសាលាបច្ចេកទេសដុន បូស្កូ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ មូលនិធិដុន បូស្កូកម្ពុជា បានធ្វើកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសបង្គោលចំនួន ៥៨ នាក់ ដែល​សិក្ខាកាម​ទាំងនោះមកពី សាលាបច្ចេកទេស និងសណ្ឋាគារដុន បូស្កូខេត្តព្រះ សីហនុ សាលាបច្ចេកទេសដុន បូស្កូបាត់ដំបង សាលាវិទ្យា​ល័យនិង​ជំនាញ​វិជ្ជា​ជីវៈ​ដុន បូស្កូប៉ោយប៉ែត និងសាលា​បច្ចេក​ទេស​ដុន បូស្កូភ្នំពេញ។ ​កម្មវិធី​វគ្គ​បណ្តុះ​បណ្តាលនេះ ប្រព្រឹត្តិទៅរយៈពេល ១១ ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១០ ខែកញ្ញា ស្ថិតនៅសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ ដែលបង្រៀនដោយ សាស្រ្តាចារ្យមកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ។

តាមលោកសាស្រ្តាចារ្យទុន សោភ័ន ប្រធាន​ដេប៉ាដឺម៉ង់ វិទ្យាសាស្ត្រអបរំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មាន​ប្រសាសន៍​ថា កម្មវិធីវគ្គ​បណ្តុះ​បណ្តាលនេះ​មានចំណុចវិជ្ជមានច្រើន​សំរាប់​សាលាបច្ចេកទេសដុន បូស្កូ ជាពិសេសសំរាប់​លោកគ្រូអ្នកគ្រូក្មេងៗ ដែលអាចអោយពួកគាត់ទទួលបានបទពិសោធន៍ថ្មីៗ សំរាប់យក​ទៅអនុវត្តន៍ អបរំ​ដល់​​សិស្សានុសិស្ស។

នៅកិច្ចបញ្ចប់នៃកម្មវិធីលោកពុករ៉ូអែល សូតូប្រធានមូល និធិដុន បូស្កូកម្ពុជា បានផ្តល់អនុសាសន៍ដល់សិក្ខា​កាមទាំងអស់ថា ការបង្កើតកម្មវិធីវគ្គ​បណ្តុះ​បណ្តាលនេះឡើង ដើម្បីជួយ​អភិវឌ្ឍន៍សមត្ថភាពលោកគ្រូ អ្នកគ្រូ របស់មូលនិធិដុន បូស្កូ​ទាំង​​អស់ ដើម្បីអោយការអបរំ​កាន់តែមាន សក្តានុពល និងគុណភាព​ខ្ពស់ទៅតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា និងរបត់សង្គមនៃការអបរំនៅកម្ពុជា និងត្រូវទៅតាមទីផ្សារការងារបច្ចុប្បន្ន។

 

You may also like...