ព្រះជាម្ចាស់បានត្រាសហៅខ្ញុំអោយក្លាយជាបងស្រីសាឡេស៊ាន

បងស្រីប៊ឺណាដេត ផេង ស្រីមុំ

បងស្រីប៊ឺណាដេត ផេង ស្រីមុំ

បងស្រីផេង ស្រីមុំជាកូនទី ៥ ក្នុងចំណោមបងប្អូន ៧ នាក់នៃគ្រួសារកសិករ។ នៅឆ្នាំ២០០៥ បងស្រីបានចូលរៀនជំនាញលេខាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូទឹកថ្លា។ នៅកំលុងពេលសិក្សានៅដុន បូស្កូទឹកថ្លា បងស្រីបានចាប់ចិត្តយ៉ាងខ្លាំងទៅលើជីវិតអ្នកបួស ហើយពេលនោះហើយ ដែលបងស្រីចាប់ផ្តើមស្វែងយល់ពីជំនឿនៃសាសនាកាតូលិក។ បញ្ចប់ការសិក្សាជំនាញលេខាធិការនៅចុងឆ្នាំ ២០០៦ បងស្រី ស្រីមុំបានចេញទៅបំរើការងារនៅក្នុងក្រុមហ៊ុនផង និងបន្តរៀននៅសកលវិទ្យាល័យផង។ បើទោះបីជាហត់ជាមួយការងារ និងការសិក្សាក្តីក៏បងស្រីមិនដែលបោះបង់ជំនឿចោលទេ បងស្រីនៅតែបន្តទៅទទួលការអប់រំជំនឿ ពីបងស្រីសាឡេស៊ាននៅមណ្ឌលដុន បូស្កូទឹកថ្លា និងទៅចូលរួមទទួលអភិបូជាជារៀងរាល់សប្តាហិ៍ផងដែរ។ រហូតដល់ឆ្នាំ ២០០៩ បងស្រីផេង ស្រីមុំ បានទទួលពិធីជ្រមុជទឹក ហើយឆ្នាំនោះគឺជាឆ្នាំដែលបងស្រី ចាប់ផ្តើមចូលស្វែងយល់ពីជីវិតអ្នកបួស។ បញ្ចប់រយៈពេលមួយឆ្នាំ ដែលបងស្រីបានចូលស្វែងយល់ ពីជីវិអ្នកបួសក្នុងជំហ៊ានដំបូង បងស្រីចេស៊ីកា សាលវ៉ាន់ណា ប្រធានគ្រួសារបងស្រីសាឡេស៊ាន បានផ្តល់ឳកាសអោយបងស្រី ស្រីមុំចេញទៅរស់នៅខាងក្រៅសហគមន៍ រយៈពេលមួយឆ្នាំដើម្បីរិះគិតម្តងទៀត។ ត្រឹមរយៈពេល ១ ឆ្នាំមិនគ្រប់បន្តរហូតដល់រយៈពេល ៣ ឆ្នាំគឺនៅឆ្នាំ ២០១៣ បងស្រីបានត្រលប់ចូលមកគ្រួសារសាឡេស៊ានម្តងទៀត។ នៅខែមិថុនា ឆ្នាំ២០១៤ បងស្រីត្រូវបញ្ជូនអោយទៅរៀនទស្សនៈវិទ្យា និងភាសាអង់គ្លេសនៅប្រទេសហ្វីលីពីន រយៈពេល ៤ ឆ្នាំ។

សក្ខីភាពដែលបងស្រីចង់ក្លាយទៅជាអ្នកបួស

ពេលដែលចាប់ផ្តើមចូលរៀននៅដុន បូស្កូទឹកថ្លាដំបូង ខ្ញុំចាប់អារម្មណ៍លើជីវិតជាបងស្រីជាខ្លាំង ដែលបងស្រីម្នាក់ៗ ត្រូវធ្វើការងារជួយដល់យុវជន យុវនារីផ្សេងៗ។ ឃើញដូច្នេះ ខ្ញុំមានចិត្តចង់ក្លាយជាបងស្រីម្នាក់ដែរ ដោយពេលនោះគិតត្រឹមចង់ជួយ យុវជនយុវនារីខ្មែរក្រីក្ររដែលគ្មានលទ្ធភាពរៀនសូត្រតែប៉ុណ្ណោះ។ តែពេលដែលខ្ញុំចាប់ផ្តើមស្វែងយល់ពីជីវិតជាអ្នកបួសយូរៗទៅ ខ្ញុំក៏ចាប់ចិត្តនឹងព្រះយេស៊ូយ៉ាងខ្លាំង។ នេះហើយជាការត្រាសហៅរបស់ព្រះជាម្ចាស់ អោយខ្ញុំចូលមកបំរើទ្រង់។ ខ្ញុំពេញចិត្តនិងស្រលាញ់ជីវិតនេះណាស់ ខ្ញុំមានពេលធ្វើការជាមួយមនុស្សផ្សេងៗ ខ្ញុំពេលអធិដ្ឋានទៅរកព្រះជាម្ចាស់ ខ្ញុំមានពេលដើម្បីនិយាយ និងថ្លៃងអំណរគុណដល់ព្រះអង្គនូវអំណរសប្បាយ និងការងារដែលខ្ញុំបានធ្វើ។ ព្រះបានហៅខ្ញុំអោយចូលទៅបំរើទ្រង់ហើយ ខ្ញុំត្រូវតែហ៊ានឆ្លើយតបទៅនឹងការត្រាសហៅនេះ។

You may also like...