មូលនិធិ ដុន បូស្កូ ព្យាយាមលុបបំបាត់ការរើសអើង

កុមារវិច្ចការ ពាក់អាវសអង្គុយនៅកណ្តាលគេ ជាមួយលោកពុក ធិការសាលា ដុន បូស្កូកែប លី សំណាង និងមិត្តនៅដុន បូស្កូ

កុមារវិច្ចការ ពាក់អាវសអង្គុយនៅកណ្តាលគេ ជាមួយលោកពុក អធិការសាលា ដុន បូស្កូកែប លី សំណាង និងមិត្តនៅដុន បូស្កូ

ខេត្តកែបៈ វិច្ចការ ជាកុមារម្នាក់ ដែលមនុស្សទូទៅគិតថា ជាកុមារ ខ្សោយ​ប្រាជ្ញាពីកំណើត។ តាមពិតទៅ វិច្ចការកើតចេញពីគ្រួសារ ដែលខ្វះភាពកក់ក្តៅ និងគ្មានអ្នកយល់ចិត្ត។ តាំងពីសម្រាលមកបានពីរខែ​ វិច្ចការ ត្រូវឪពុកបោះបង់ចោល អោយនៅជាមួយម្តាយ។ ដោយគ្មានអ្នកនៅមើលថែ ឬរកប្រាក់ផ្គត់ផ្គង់ផងនោះ ម្តាយ​វិច្ចការ ក៏បានរៀបការប្តីថ្មី ហើយត្រូវផ្លាស់មករស់​នៅ ខេត្ត​កែបជាមួយស្វាមី ទុកកូនអោយរស់នៅជាមួយជីដូន នៅស្រុកកំណើត ឯខេត្តស្វាយរៀង ដែលកាលនោះ​វិច្ចការ មានអាយុមិនដល់មួយខួបផង។

នៅចុងឆ្នាំ ២០១៧ ជីដូនរបស់វិច្ចកា បានទទួលមរណៈភាព ហើយជីតាក៏បាននាំប្រពន្ធចុង មករស់នៅក្រោមតំបូងផ្ទះតែមួយជាមួយគ្នា ធ្វើអោយវិច្ចការ កាន់តែខ្វះអ្នកមើលថែ និងផ្តល់ភាពកក់ក្តៅ ទើបម្តាយសម្រេចចិត្ត នាំមករស់នៅជាមួយវិញ នៅឯខេត្តកែប។

ដោយរស់នៅមិនចុះសម្រុងជាមួយ ប្អូនៗនិងឪពុកចុងផងនោះ ម្តាយ វិច្ចកាបាននាំកូនប្រុសច្បង អោយមករស់នៅ ផ្ទះកុមារដុន បូស្កូកែប។

សព្វថ្ងៃវិច្ចការ មានអាយុ ១២ ឆ្នាំ ហើយកំពុងរៀននៅសាលាបឋមសិក្សាស្បូវ  ក្នុងថ្នាក់ទី ២។ បើទោះបីតាំងតូច វិច្ចការ មិនបានទទួលភាពកក់ក្តៅ ដូចកុមារដទៃទៀតក្តី តែពេលដែលវិច្ចការចូលមកដល់ ដុន បូស្កូកែប កុមារ យុវជន និងបុគ្គលិកនៅទីនេះ ព្យាយាមផ្តល់នូវភាពកក់ក្តៅដល់កុមារនេះ អោយដូចនឹងកុមារផ្សេងទៀតដែលកំពុងរស់នៅជាមួយម្តាយឪពុកដែរ។

You may also like...