ពីអ្នកនេសាទ ក្លាយជាបងប្រុស សាឡេស៊ាន

បងប្រុស ភិន ណារី ឆ្វេង និងបងប្រុសជនជាតិបរទេសទី ២ បងប្រុស សម្នីទី៣ និងបងប្រុស អៀតទី ៤

បងប្រុស ភិន ណារី ឆ្វេង និងបងប្រុសសាឡេស៊ានជនជាតិបរទេសទី ២ បងប្រុស សម្នីទី៣ និងបងប្រុស អៀតទី ៤

ភ្នំពេញៈ សាឡេស៊ាន ជាឈ្មោះសម្គាល់របស់ក្រុម បុព្វជិត កាតូលិក សាសនា ដែលបង្កើតឡើងតាំងពីឆ្នាំ ១៨៥៩ ដោយបូជាចារ្យ (អ្នកបួស ឬបុព្វជិតសាសនាកាតូលិក) ជនជាតិអ៊ីតាលីម្នាក់ឈ្មោះ យូហាន បូស្កូ ដែលលោកបានខិតខំប្រឹងប្រែងជួយដល់ ក្មេងៗនិងយុវជនក្រីក្រ អោយបានទទួលការអប់រំ។ ហើយក្រុមបុព្វជិតនេះបានចូលមកដល់កម្ពុជា តំាងពីឆ្នាំ ១៩៨៨ ស្របពេលដែលប្រទេសកម្ពុជាកំពុង មានសង្គ្រាមស៊ីវិល។ រហូតមកដល់បច្ចុប្បន្ននេះ គ្រួសារ សាឡេស៊ាន មិនទាន់មាន បុព្វជិតជាជនជាតិខ្មែរនៅឡើយទេ គឺមានត្រឹមបងប្រុសចំនួនបីនាក់ដែលកំពុងសិក្សាបន្តនៅបរទេស។

បងប្រុសណារី ជាកូនប្រុសទីពីរ នៅក្នុងគ្រួសារ ដែលមានបងប្អូនបួននាក់។ ក្នុងឆ្នាំ ២០០៣ ដោយគ្រួសារខ្វះកម្លាំងពលកម្ម លោកបានឈប់រៀននៅត្រឹមថ្នាក់ទី ៨ ដើម្បីទៅជួយការងារនេសាទរបស់ឪពុកខ្លួននៅឯស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នៅដើមឆ្នាំ ២០០៦ ស្របពេលលោកពុក លី សំណាង ទៅសួរសុខទុក្ខគ្រួសារ ភិន ណារ៉ា ជាបងប្រុសរបស់ ណារី ដែលកំពុងរៀននៅសាលាដុន បូស្កូក្រុងព្រះសីហនុ ក៏បានជួបជាមួយ យុវជនណារីនៅទីនោះ។ លោកពុកបានសួរ ណារី ថា “ ហេតុអ្វីកូនឈប់រៀន មកធ្វើការនេសាទដូចនេះ? កូននៅក្មេងណាស់! តើកូនចង់រៀន បន្តឬទេ?” ឮសំនួរនេះហើយ ធ្វើអោយលោក រំជួលចិត្តយ៉ាងខ្លាំង នឹកចង់ចូលរៀនវិញ។ រហូតដល់ចុងឆ្នាំ ២០០៦ ដោយមានការយល់ព្រមពីឪពុករបស់ខ្លួន ណារីក៏បានសុំពាក្យប្រលង ចូលរៀននៅសាលា បច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុក្នុងខែសីហា។

តើវាអាចទៅរួចទេ សំរាប់អតីតសិស្សមកពីស្រុកស្រែម្នាក់នេះ អោយទៅប្រលងចូលរៀន ជំនាញមួយដែលខ្លួនមិនដែលស្គាល់នោះ? ថ្ងៃដាក់ពាក្យចូលមកដល់ ឪពុកណារី បាននាំកូនប្រុសទៅសាលា ដើម្បីដាក់ពាក្យប្រលង។ ចូលមកដល់ក្នុងរបងសាលាភ្លាម អ្វីដែលណារី ចាប់អារម្មណ៍ជាងគេបំផុតនោះ គឺរូបចម្លាក់ លោកពុក បូស្កូ ទោះបីជាលោកមិនដែលស្គាល់ពីប្រវត្តិ ដុន បូស្កូ កន្លងមកក្តី ក៏យុវជនរូបនេះមានជំនឿជឿជាក់ថា វិញ្ញាណ ដុន បូស្កូ អាចជួយគាត់បាន។ គ្មានសមត្ថភាពណាដែល ណារី អាចធ្វើបានទេក្រៅពី ធ្វើស្រែ និងនេសាត្រីក្នុងសមុទ្រ តែដោយសារការទុកចិត្តរបស់ ណារី លោកបានអធិដ្ឋាន ដល់លោកពុក បូស្កូ ហើយថែមទាំងសុខចិត្តដើរតាមមាគ៌ាដុន បូស្កូ ប្រសិនបើខ្លួនបានប្រលងជាប់។

លទ្ធផលដែលមិនគួរអោយជឿនោះគឺ ពន្ទុរបស់ណារីខ្ពស់ជាងគេ  ហើយមុខវិជ្ជាដែលមានពិន្ទុខ្ពស់បំផុតនោះគឺ ពិន្ទុរភាសា អង់គ្លេស ដែលលោករៀនមិនយល់សោះកាលពីលោក រៀននៅអនុវិទ្យាល័យ។

ក្នុងរយៈពេល ២ ឆ្នាំ ដែលលោករៀនជំនាញអគ្គិសនី នៅ ដុន បូស្កូខេត្តព្រះសីហនុ យុវសិស្សណារី ព្យាយាមសិក្សាជំនាញនេះណាស់ ហើយលោកក៏ចាប់អារម្មណ៍លើ ជំនឿសាសនាផងដែរ។ ក្នុងខែ សីហា ឆ្នាំ ២០០៨ លោកបានបញ្ចប់ការសិក្សាជំនាញ រយៈពេលពីរឆ្នាំរបស់លោក តែលោកមិនបានទៅដាក់ពាក្យធ្វើការនៅស្ថាប័នណាទេ  តែលោកបែរជាស្ម័គ្រចិត្តនៅបំរើការងារ ក្នុងសាលាដុន បូស្កូ។ ដោយពេលនោះលោកបាន ចូលរួមក្នុងក្រុមបងប្រុស សូរិយ៉ា (អ្នកដែលមានបំណងចង់ក្លាយជាអ្នកបួស ក្នុងក្រុមសាឡេស៊ាន)  និងបង្រៀនជំនាញដែលលោកចេះ ដល់សិស្សផ្នែកអគ្គិសនី និងកាន់វិន័យសិស្សស្នាក់ក្នុងប្រុស។

នៅឆ្នាំ ២០០៩ បងប្រុស ណារី ត្រូវបានបញ្ជូនអោយទៅរៀនភាសា អង់គ្លេស នៅទីក្រុង សេប៊ូ ប្រទេស ហ្វីលីពីន។ ហើយក្នុងឆ្នាំ ២០១០ លោកត្រូវបានបញ្ជូនបន្ត ទៅរៀនទស្សនៈវិទ្យា និងទេវវិទ្យានៅប្រទេសថៃ។ កំឡុងពេលសិក្សាក្នុងប្រទេសថៃ លោកត្រូវបានតែងតាំង ចូលក្នុងគ្រួសារ សាឡេស៊ាន ដំណាក់កាលទី ១ ក្នុងឆ្នាំ ២០១៣ ហើយលោកបានបញ្ចប់កាសិក្សានៅសកលវិទ្យាល័យក្នុងប្រទេសថៃក្នុងឆ្នាំ ២០១៦។ ក្នុងឆ្នាំ ២០១៧ បងប្រុសណារី បានវិលត្រឡប់មក ប្រទេសកម្ពុជាវិញ ហើយលោកបានទៅបំរើការ ក្នុងសហគមន៍ ដុន បូស្កូភ្នំពេញ។ លោកនិងត្រូវបញ្ជូនអោយទៅរៀនបន្ត នៅប្រទេស អ៊ីតាលី បន្ថែមទៀតក្នុងឆ្នាំ ២០១៩ ដើម្បីត្រៀមខ្លួនតាំងអគ្គសញ្ញាជាបូជាចារ្យ។

បងប្រុសណារី ជាមួយលោកពុក រ៉ូអែល និងអ្នកស្ម័គ្រនៅដុន បូស្កូភ្នំពេញ

បងប្រុសណារី ជាមួយលោកពុក រ៉ូអែល និងអ្នកស្ម័គ្រនៅដុន បូស្កូភ្នំពេញ

You may also like...