សិស្ស នៅតំបន់កោះស្លានៅតែមានបញ្ហាប្រឈមខ្លាំងជាមួយការអប់រំ

ខាន់ សាវរីខាងឆ្វេង និងមិត្តភក្ត័ងយ ស្រីនិច នៅមុខបន្ទប់ជួល

ខាន់ សាវរីខាងឆ្វេង និងមិត្តភក្ត័ងយ ស្រីនិច នៅមុខបន្ទប់ជួល

ខេត្តកែបៈ តំបន់ដាច់ស្រយាលកណ្តាលព្រៃ ដែលមានតែសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលមានគ្រូបង្រៀនមិនដល់ ២០នាក់ នោះបានបង្ករអោយមានបញ្ហារជាទំងន់ដល់ក្មេងៗនៅក្នុងតំបន់។ ដែលបញ្ហាប្រឈមទាំងនេះ អាចបង្ករអោយកុមារ និងស្រ្តីភេទងាយទទួលរងគ្រោះ ដោយប្រការផ្សេងៗ។  យុវតី ខាន់ សាវរី បានប្រាប់អោយដឹងថា ដើម្បីចូលរៀននៅវិទ្យាល័យ នាងនឹងមិត្តភក្ត័មិនអាចរកសាលារៀននៅជិតផ្ទះបានទេ ពោលគឺនាងត្រូវទៅរៀននៅឯវិទ្យាល័យហ៊ុន សែនឈូក ដែលមានចំងាយជិត ៤០ គីឡូម៉ែត្រពីផ្ទះ ឬទៅរៀននៅវិទ្យាល័យ អង្គរមាស ដែលស្ថិតនៅខាងលិចស្រុកឈូក ចំងាយជាង ១០ គីឡូម៉ែត្រ។ សំរាប់ការធ្វើដំណើរគឺជាចំណុចសំខាន់ និងជាបញ្ហាដ៏ធំបំផុតសំរាប់ ពួកគេព្រោះ ជីវភាពគ្រួសារនៅមានកំរិត ឬប្រសិនបើមានក្មេងខ្លះដែលមានគ្រួសារធូរធា នោះក៏នៅតែជាបញ្ហាចោទដ៏សំខាន់ដដែល ព្រោះតំបន់នេះជាតំបន់ព្រៃជុំវិញ មានផ្លូវរដិបរដុប ថែមទាំងមានផ្ទះប្រជាពលរដ្ឋ រស់នៅយ៉ាងរង្វើលទៀតផង។ សភាពទាំងនេះហើយដែលជា​បញ្ហា ដែលយើងអាចចោទបានថាវាជា ឧបសគ្គដ៏ធំសំរាប់ការសិក្សារបស់​ក្មេងៗក្នុងតំបន់។

សាវរី បានបន្តទៀតថា ដើម្បីអនាគត់របស់នាង ដោយមិនចង់ធ្វើ ចំការ ឬត្រូវចំណាកស្រុក ទៅធ្វើជាកម្មករគេ និងដើម្បីជំនះភាពល្ងង់ខ្លៅ ផងនោះ នាងត្រូវចាកចេញពីឪពុកម្តាយទៅជួលបន្ទប់ស្នាក់នៅជិតសាលា ដើម្បីងាយស្រួលរៀនសូត្រ។ វាជាបន្ទុកមួយដ៏ធ្ងន់ធ្ងរសំរាប់គ្រួសារ របស់នាង និងមិត្តភគ្រ័នាងផ្សេងទៀត ដែលត្រូវចាកចេញពីផ្ទះ គឺមានន័យថានៅក្នុងគ្រួសារត្រូវកាត់បន្ថយចំនួនអ្នកជួយការងារផ្ទះ ហើយថែមទាំងជាបន្ទុកមួយដ៏ធំសំរាប់គ្រួសារដែលត្រូវផ្តល់ប្រាក់អោយនាង ជាង ៣០០០០ រៀលក្នុងមួយខែៗទៀតផង។ ការចំណាយនេះអាចកាត់បន្ថយបាន ក្នុងករណីបើមានសាច់ញ្ញាតិនៅជិតសាលារៀន ឬ នៅជុំវិញតំបន់ប្រជុំជននេះ។

ខាន់ សាវរី ជាក្មេងដែលទទួលអំណោយរបស់ មូលនិធិ កុមារ ដុន បូស្កូកែប។ នាងមានអាយុ ១៥ ឆ្នាំ រៀនថ្នាក់ទី ១០ នៃវិទ្យាល័យហ៊ុនសែន ឈូក ដែលរបបអំណោយពី មូលនិធិ មិនអាចបង្គ្រប់តម្រូវការរបស់នាងបានទេ វាគ្រាន់តែជាចំណែកតូចមួយដើម្បីជួយសំរួលដល់ការសិក្សារបស់នាងតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ មូលនិធិ កុមារ ដុន បូស្កូកែបបានផ្តល់ជំនួយដល់ក្មេងៗនៅតំបន់នេះចំនួន ២៨ នាក់ ស្រី ១៧ នាក់។

សូមបញ្ជាក់ផងដែរថា ​កោះស្លា ជាឈ្មោះតំបន់មួយដែល ស្ថិតនៅចន្លោះរវាងស្រុកទឹកឈូ និងស្រុកឈូកខេត្តកំពត ដោយមានព្រំប្រទល់ខាងជើងជាប់ ខេត្ត កំពង់ស្ពឺ ខាងកើតជាប់ស្រុកជុំគីរី ហើយប្រជាជននៅតំបន់នេះ ភាគច្រើនប្រកប របរជាកសិករ។ ក្រៅពីរបរជាអ្នក ធ្វើស្រែចំការ ប្រជាជននៅតំបន់នេះ ក៏ឆ្លៀតពេលចូលព្រៃកាប់ឈើ ធ្វើអុសលក់ផងដែរ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។

 

 

 

 

 

 

 

 

 

 

 

 

 

You may also like...