តើអ្នកដឹកនាំរឿងកំប្លែងខ្លីយាយសំ យាយសយ ដែលកំពុងតែល្បីលើបណ្តាញសង្គមសព្វថ្ងៃជាអ្នកណា?

 

ខេត្តកែបៈ រឿងយាយសំយាយសយ ត្រូវបានយុវវ័យកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ភាគច្រើនស្គាល់ ហើយមានការគាំទ្រយ៉ាងខ្លាំងរហូតដល់ពេលសព្វថ្ងៃនេះមានអ្នកតាមដានលើបណ្តាញសង្គមច្រើនជាង ៥០០០០នាក់។ ដែលវីដេអូតំបូងមានអ្នកចុចមើលរហូតដល់ ១៨ លានដង និងចែករំលែករហូតដល់ជិត ៥០០០០ ដង។

ហេតុអ្វីទើបរឿងនេះមានការចាប់អារម្មណ៍? តើអ្នកដឹកនាំរឿងនេះជាអ្នកណា? គាត់មានឥទ្ធិលអ្វីដល់រឿងនេះ?
រឿងកំប្លែងដែលមានតួអង្គវ័យចំណាស់នេះ មានអ្នកដឹកនាំឈ្មោះ ង៉ុង សាន់ អាយុ ២៣ ឆ្នាំជាអនុប្រធានផ្នែកទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយ នៅសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប។ គាត់ជាកូនទី ៧ ក្នុងចំណោមបងប្អូន ៩ នាក់ ឪពុកជាកសិករ ហើយម្តាយទទួលមរណៈភាពក្នុងឆ្នាំ ២០១៧ ដោយសារជំងឺប្រចាំកាយ។ សាន់ បានបញ្ចប់ការសិក្សានៅចុងឆ្នាំ ២០១៥ ហើយចូលបំរើការងារជាអ្នកផលិតវីដេអូបង្រៀនជំនាញជាងឡាននៅយាន្តដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។ បញ្ចប់ការងារបីខែក្នុងយាន្តដ្ឋាន ង៉ុង សាន់បានប្តូរការងារទៅជាអ្នកយកពត៌មានអោយស្ថានីយ៍ទូរទស្សន៍ NTV និង សរសេរពត៌មានអោយគេហៈទំព័រ Kqupe។
ចំណាយអស់រយៈពេលជិត ២ ឆ្នាំនៅភ្នំពេញបានធ្វើអោយគាត់ស្គាល់រស់ជាតិជីវិតយ៉ាងច្រើនរវាងការរស់នៅបែបជនបទ និងការរស់នៅបែបអ្នកចំណូលក្រុង។ ដោយសារក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តនិងដោយកត្តាបញ្ហាក្នុងគ្រួសារ បន្ទាប់ពីម្តាយបានលាចាកលោកនេះ ទើបជំរុញអោយគាត់ផ្លាស់ប្តូរចិត្តត្រលប់ទៅធ្វើការ នៅសាលា ដុន បូស្កូកែប វិញ ដែលជាកន្លែងដែលអាចអោយគេចាប់ធ្វើអ្វីដែលគេចង់ធ្វើ និងនៅមិនឆ្ងាយពីផ្ទះកំណើតរបស់ខ្លួន។

តំបូងឡើយ សាន់ គ្រាន់តែជាគ្រូបង្រៀនជំនាញសរសេរពត៌មានតែប៉ុណ្ណោះ តែដោយសារទេពកោសល្យ និងភាពឈ្លាសវៃរបស់ខ្លួនទើបលោក ពុក លី សំណាង អធិការសាលា ដុន បូស្កូកែប បានលើកអោយធ្វើជាអនុប្រធានផ្នែក ទំនាក់ទំនង និងប្រពន្ធ័ផ្សព្វផ្សាយនៅ ២ ខែបន្ទាប់។
ដោយសារនិស្ស័យពីកំណើតធ្វើអោយយុវជនម្នាក់នេះ ទៅណាមិនឆ្ងាយពីការងារជាអ្នកផលិតវីដេអូ គេបានដឹកនាំក្រុមនិស្សិតផលិតវីដេអូជាច្រើនប្រភេទ មានទាំង រឿងអប់រំខ្លីៗ វីដេអូបែបកម្សាន្ត វីដេអូបង្ហាញពីតំបន់ទេសចរណ៍ជាដើម។ មិនតែប៉ុណ្ណោះអោយតែមានការប្រកាសផលិតវីដេអូ ប្រកួតប្រជែង គឺមិនដែលបាត់មុខក្រុមរបស់គេឡើយ! លើកទី១ គេបានចូលរួមប្រកួតជាមួយ គ.ជ.ប ក្រោមការរៀបចំរបស់ JICA ក្នុងនោះក្រុមរបស់គេទទួលបានជ័យលាភីលេខ២ លើកទី២ ជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល គេទទួលបានជ័យលាភីលេខ២ លើកទី៣ ជាមួយក្រសួងទេសចរណ៍វីដេអូរបស់គេជាប់ក្នុងជម្រើស១០ក្រុមចុងក្រោយ និងលើកទី៤ ជាមួយក្រុមហ៊ុនអាស៊ីវេរលុយ គេទទួលបានជ័យលាភីលេខ១ ហើយក៏ជាការចាប់ផ្តើមធ្វើមានក្រុមសម្តែង យាយសំ យាយសយ កើតឡើងទល់សព្វថ្ងៃ។
វីដេអូរបស់ក្រុមសម្តែង យាយសំ យាយសយ បានចាក់ចំបេះដូងរបស់អ្នកទស្សនាអោយសើច លាយយំ! ធ្វើអោយអ្នកមើលមានអារម្មណ៍នឹកស្រុកស្រែ នឹកពុក នឹកម៉ែ នឹកតា នឹកយាយ! ធ្វើអោយចាស់ៗគាត់ចង់បន្តជីវិតរបស់ពួកគាត់ លើផែនដីនេះបន្តទៀត។
សព្វថ្ងៃនេះក្រុមសម្តែងយាយសំ យាយសយ ត្រូវបានចុះកុងត្រាផលិតជាមួយក្រុមហ៊ុនឆ្នោត មហាសំណាង។ នេះជាជោគជ័យមួយផ្នែករបស់ ង៉ុង សាន់ ហើយវាជាមោទនៈភាពមួយរបស់ ដុន បូស្កូ ដែលបណ្តុះគ្រាប់ពូជបានលទ្ធផលល្អដល់សាលាគ្រប់ជំនាន់។

You may also like...