វ៉ាទីកង់ញូវ (VATICAN News)បានរាយការណ៍ថា សម្តេចប៉ាប កាលពីថ្ងៃចន្ទកន្លងទៅនេះ បានរៀបចំពិធីអធិដ្ឋានសម្រាប់ក្រុមអ្នកនយោបាយនានា។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានអធិដ្ឋានចេញពីនិវេសនដ្ឋានរបស់សម្តេចនៅវិមានកាសា សន្តីម៉ាថា។

នាឱកាសនោះ សម្តេចប៉ាបបានធ្វើការអធិដ្ឋានសម្រាប់បុរសនិងស្រ្តីទាំងឡាយដែលបានចូលសម្រាកពីការងារនៅក្នុងជីវិតជាអ្នកនយោបាយ។

បើតាមសម្តេចប៉ាប អ្នកនយោបាយជាក្រុមមនុស្សដែលមានទម្រង់និងការងារមនុស្សធម៌និងការទទួលខុសត្រូវខ្ពស់ណាស់ ហើយការអធិដ្ឋាននេះ ដើម្បីឲ្យពួកគេធ្វើយ៉ាងណាដឹកនាំ​ប្រទេសឬក៏ក្រុមការងារ​ឲ្យបំពេញការងារដ៏ល្អ នៅក្នុងបរិបទដែលពិភពលោកកំពុងតែរងគ្រោះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចប៉ាប បានរំលឹកអំពីការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូហើយក៏រំលឹកដល់លោកនីកូដេមដែលគេដឹងថា ជាអ្នកដឹកនាំជនជាតិយូដាមួយរូប ហើយក្រោយមកបានក្លាយជាសាវ័ករបស់ព្រះយេស៊ូ។

នាឱកាសនោះ សម្តេចប៉ាបក៏បានចែករំលែកនូវការលើកទឹកចិត្តអំពីសេរីភាពនៅក្នុងស្មារតីនៃការទទួលខុសត្រូវរបស់គ្រប់គ្នានៅក្នុងការបង្ការមេរោគឬវីរុសកូវីដ១៩៕

ដកស្រង់ចេញពី http://khmer.rvasia.org/