អគុណដល់លោកតា វល់ហ្កាង បឺនហ្វេន និង លោកយាយ អ៊ូទី ហេនិគេ

ខេត្តកែបៈ ផ្នែកទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយរបស់សាលាបច្ចេក ដុន បូស្កូខេត្តកែប បានធ្វើកម្មវិធីថ្លែងអំណរគុណដល់ លោកតា វល់ហ្កាង និង អ៊ូទី ប្រពន្ធរបស់លោក ដែលបានចំណាយពេលវេលារបស់គាត់មកវឹកហាត់ដល់សិស្សដុន បូស្កូ។ លោកតា វល់ហ្កានជាអ្នកជំនាញវិទ្យុ និងសារពត៌មាន លោកបានបង្រៀនសិស្សផ្នែកទំនាក់ទំនងសង្គម ឆ្នាំទី ២ អំពីដំណើរការការចាក់ផ្សាយរបស់វិទ្យុ ការសំភាសន៍ ធ្វើអត្ថបទសំរាប់វិទ្យុ និងការអនុវត្តន៍ផ្ទាល់ដោយប្រធានបទ កាកសំណល់សំរាមផ្លាស់ស្ទិច។ ចំណែកលោកយាយអ៊ូទី ជាអ្នកជំនាញបច្ចេកទេស មេផ្ទះ គាត់បានបង្រៀន ផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច ក្នុងគោលដៅចង់អោយសិស្សយល់ពីរបៀបរៀបចំកន្លែងអោយបានស្រស់ស្អាត ដូចជារបៀបរៀបចំបន្ទប់បែបស្តង់ដារ ការរៀបចំការិយាល័យ ការសំអាតទីធ្លា និងការរៀបចំអោយមានសណ្ឋាប់ធ្នាប់ និងជាពិសេសគាត់បានពន្យល់សិស្សពិការទទួលខុសត្រូវការងារនិងមានម្ចាស់ការលើខ្លួនឯង។

« កាកសំណល់សំរាមគឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ដែលនៅស្ទើរតែគ្រប់ទីកន្លែងមានសំរាមពាសពេញ ជាពិសេសគឺសំរាមផ្លាស់ស្ទិច។ ផ្លាស់ស្ទិចជាប្រភេទសំរាមដែលមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតទាំងលើបរិយាកាស និងសុខភាពមនុស្សសត្វ។ តាមរយៈប្រធានបទដែលខ្ញុំបានធ្វើជាមួយយុវសិស្សឆ្នាំទី ២ ផ្នែកទំនាក់ទំនងសង្គម ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់អោយចេះយល់ដឹងពីផលប៉ះពាល់របស់ផ្លាស់ស្ទិច ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទិចទៅជាការប្រើស្លឹកចេក ឬ ស្លឹកឈូកមកជំនួសវិញ ហើយអោយចេះទុកដាក់សំរាមទៅតាមប្រភេទរបស់វា ដែលងាយស្រួលដល់អ្នកប្រមូលសំរាមយកទៅអោយក្រុមហ៊ុនផ្សេងៗយកទៅកែឆ្នៃថ្មី។ » ប្រសាសន៍របស់លោកតាវល់ហ្កាងក្នុងកម្មវិធីថ្លែងអំណរគុណរបស់គាត់។

You may also like...