វគ្គបណ្តុះបណ្តាលស្តីពីវិស័យទេសចរណ៏ស្របតាមស្តង់ដាអាស៊ាននៅសាលាដុនបូស្កូកែបបានបញ្ចប់ជាស្ថាពរ

ខេត្តកែប៖  នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប បានប្រារព្ភធ្វើពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិស័យទេសចរណ៏ស្របតាមស្តង់ដាអាស៊ាន ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែកុម្ភៈមក ក្រោមវត្តមានរបស់លោកបណ្ឌិត មាន វណ្ណដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៏នៃក្រសួងទេសចរណ៏។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីបូកសរុបលទ្ធផល និងធ្វើការវិនិឆ្ឆ័យទៅលើសិក្ខាកាមទាំង ១៥ នាក់ដែលបានមកទទួលការបណ្តុះបណ្តាលអស់រយៈពេល ៥ថ្ងៃកន្លងមក ក្នុងគោលបំណងយកចំណេះដឹងទាំងនោះ ទៅសាបព្រោះដល់យុវជនផ្សេងៗទៀត ជាពិសេសគឺសិស្សផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច សាលា ដុន បូស្កូ តែម្ដង។

គួររម្លឹកដែរថា កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្ថម ប៉ាក សុខុន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ថមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។ ក្នុងនោះឯកឧត្ដមមានមតិចូលរួម និងលើកសរសើរថា មូលនិធិដុន បូស្កូកម្ពុជាមានដើមកំនើតនៅកម្ពុជាយូរយារណាស់មកហើយ ហើយគុណភាពនៃការអប់រំ និងវិន័យរបស់សាលាពិតជាខ្ចប់ខ្ចួនល្អណាស់។

ជាងនេះទៅទៀតក៏មានមតិសំណេះសំណាលចូលរួមពីឯកឧត្ថម អ៊ឹង ឆាយ អភិបាលរងខេត្តកែប ជាអតីតសិស្ស ដុន បូស្កូ ភ្នំពេញ កាលពីឆ្នាំ ១៩៩០។ លោកបានលើកឡើងថា បន្ទាប់ពីបញ្ចប់កម្មវិធីវគ្គបន្តុះបណ្តាលនេះហើយ សាលាដុន បូស្កូ នឹងយកចំណេះដឹងនេះទៅចែករំលែកដល់សិស្សនិស្សិតផ្សេងៗទៀត អោយកាន់តែទូលំទូលាយជាងនេះ។

សូមបញ្ជាក់ថា សំរាប់សញ្ញាបត្រ័នៃវគ្គបណ្ឌុះបណ្ដាលខាងលើនេះត្រូវបានទទួលស្គាល់ដោយប្រទេស អាស៊ាន ហើយសិក្ខាកាមដែលបានចូលរួមសិក្ខារយៈពេលប៉ុន្មានថ្ងៃនេះ អាចយកមកប្រើសំរាប់ធ្វើជាឯកសារយោង ដើម្បីដាក់ការងារធ្វើទូទាំងប្រទេស អាស៊ានផងដែរ។

You may also like...